របរ​រក​ឃ្មុំលក់ ​របស់​កសិករ​ភូមិ​ខ្នារ​ខេត្តតាកែវ​ បាន​កម្រៃ​ខ្ពស់​ តែប្រឈមគ្រោះថ្នាក់ខ្លាំង

  • 2017-05-28 03:39:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅពី​ការងារ​ស្រែ​ចំការ​កសិករ​ក្នុងភូមិ​ខ្នារ​ឃុំ​លាយ​ស្រុក​ត្រាំកក់​បូ​ ខេត្តតាកែវ​ នាំគ្នា​ចាប់យក​របរ​រក​ឃ្មុំ​តាម​បែប​ធម្មជាតិ​នៅតាម​ព្រៃ​ចំ​ការ​ និង​ព្រៃ​ដែលមាន​ដើមឈើ​តូច​ធំ​ចាប់តាំងពី​ក្នុង​មូលដ្ឋាន​របស់​ពួកគេ​រហូតដល់​ខេត្ត​កំ​ពត​ ព្រោះតែ​មុខរបរ​នេះ​ មិន​ចំ​ណាយ​ដើមទុន​អ្វី​ច្រើន​ទេ ​ហើយ​កម្រៃ​ទទួល​បាន​វិញក៏​ខ្ពស់​គួ​សមដែរ​។​

កសិករ​អាយុ​ ៤៥​ឆ្នាំ ​លោក​ មិន ផៃ មាន​ទី​លំនៅ​ភូមិ​ឃុំ​ខាងលើ​ បាន​ប្រាប់​ Sabay​ ថា​៖​ ក្នុង​១​ថ្ងៃ​អាច​រក​ឃ្មុំ​បាន​៥​ ទៅ ​៦​ផ្លិត ​ដោយ​ក្នុង ​១​ផ្លិត​អាច​លក់បាន​ចាប់ពី​២៥ ០០០៛​ទៅ​៣០ ០០០៛​ ដែរ​ តាម​ប្រភេទ​ធំ ​រឺ​តូច សរុបទៅ​អាច​រក​បាន​ជាង​ដប់​ម៉ឺន​រៀល​ដែរ​ក្នុង​១​ថ្ងៃៗ​។​

បុរស​វ័យ​កណ្តាល​រូប​នេះ​បន្តថា ​ដោយសារតែ​ចំ​នួន​អ្នក​រក​មុខរបរ​នេះ​កាន់តែច្រើន​ធ្វើអោយ​ការ​រក​ឃ្មុំ​នៅ​ទីជិតៗ​កាន់តែ​មាន​ការ​លំបាក​ដូច្នោះ​ជា​រៀ​ង​រាល់ថ្ងៃ​លោក​ត្រូវ​ចេញ​ដំណើរ​ពី​ផ្ទះ​ចំ​ងាយ​ប្រមាណ​ជាង​ ៦០​គីឡូម៉ែត្រ​ រហូតដល់​ស្រុក​ឈូក​ខេត្ត​កំពត​ឯណោះ​ ដើម្បី​ស្វែង​រក​សំ​បុក​ឃ្មុំ​ថ្មីៗ​។​

ដោយ​ធ្វើ​ដំណើរ​ជា​ក្រុម​ចាប់ពី​ម៉ោង​ ៧​ព្រឹក ​រហូតដល់​ម៉ោង​១​ ទៅ​ម៉ោង​២​រសៀល​ បាន​ឃ្មុំ​ពី​៥​ទៅ​៦​ផ្លិត​ទើប​ត្រលប់មក​ដល់​ផ្ទះ​វិញ​យក​ឃ្មុំ​ទៅ​លក់​នៅតាម​ផ្សារ​តាកែវ ​រឺ​ផ្សា​ត្រាំកក់​ជាដើម ឬ​ជួនកាល​លក់​តាមផ្លូវ​អស់​ក៏មាន​។

"ព្រៃ​សំបូរ​ដោយ​ដើម​ប្រេង​ខ្យល់​រាប់សិប​ហិកតា​រឺ​ហៅថា​ព្រៃ​លើ កាលពីមុន​សំបូរ​ឃ្មុំ​គួរសម​តែ​បច្ចុប្បន្ន​នេះ​រក​ឃ្មុំ​លែង​សូវ​បាន​ហើយ​ដូ​ច្នោះ​ត្រូវ​ដើ​ឆ្ងាយ​ប​ន្តិ​ច​ជួនកាល​ខ្ញុំ​ទៅដល់​ស្រុក​ជុំគីរី​ ខេត្ត​កំពត​ឯ​ណោះ​ទើប​អាច​រក​បាន​ព្រោះ​ទី​នោះ​មិនសូវមាន​អ្នករ​ករបរ​នេះ​ទេ​ហើយ​ឃ្មុំ​ក៏​ធំៗ​ដែរ​”​។​ លោក​ផៃ ​និយាយ​។​ ​ លោក​បន្តថា​៖ ”​ត្បិតតែ​មុខរបរ​នេះ​អាច​រក​ប្រាក់បាន​មែន​តែ​ក៏​ជួប​ការ​លំ​បាក​ច្រើន​ដែរ​ដោយ​ខ្ញុំ​ត្រូវធ្វើ​ដំណើរ​ឆ្ងាយៗ​ហើយ​ពេល​ខ្លះ​ត្រូវ​ឡើងយក​ឃ្មុំ​លើ​ដើមត្នោត​រឺ​ដើមឈើ​ខ្ពស់ៗ​អាច​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ជាយថា​ហេតុ​ចេះ​តែ​ទ្រាំ​ធ្វើទៅ​ព្រោះ​អាច​សម្រាល​បន្ទុកគ្រួសារ​បាន​១​អន្លើៗ​ដែរ​”​។​

លោក ​ចាន់​ ញឹប ​អនុប្រធាន​សមា​គម​អភិ​វ​ឌ្ឍ​ន៏​សហ​គម​ន៏​ព្រៃឈើ​ព្រៃ​លើ​បញ្ជាក់ថា​ ការ​រក​ឃ្មុំ​នេះ​ជា​របរ​ប្រពៃណី​របស់​កសិករ​ក្នុង​ភូមិ​ខាងលើ​ច្រើន​ទសវត្ស​មកហើយ​ដែល​សព្វថ្ងៃ​មាន​កសិករ​ប្រមាណ​៣០​ ភាគ​រយ​កំពុងរក​ទទួលទាន​លើ​មុខរ​របរ​នេះ​បន្ថែម​លើ​ការធ្វើ​ស្រែ​ចំ​ការ​៕​

​ ​

អត្ថបទ៖ ជិន វេន

រូបថត៖ ទូរសព្ទដៃ